ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា បានបន្តបង្ហាញទម្រង់លេងដ៏ល្អ ដោយទទួលបានជ័យជម្នះដ៏មានតម្លៃ ១-០ លើក្លឹប ឡាយហ្វ អេហ្វស៊ី ព្រះសីហនុ ក្នុងការប្រកួតសប្តាហ៍ទី ១៩ នៃលីគ។
គ្រាប់ជ័យជម្នះតែមួយគ្រាប់ក្នុងការប្រកួតនេះ ត្រូវបានសម្រេចដោយកីឡាករប្រធានក្រុម Mateus Barbosa នៅនាទីទី ៦៩ តាមរយៈបាល់ប៉េណាល់ទី បន្ទាប់ពីអ្នកចាំទី សាយ ច័ន្ទតុលា របស់ឡាយហ្វ អេហ្វស៊ី បានបង្កកំហុសទៅលើកីឡាករ ម៉ុន វ៉ាន់ដា ក្នុងប្រអប់គ្រោះថ្នាក់។

ជ័យជម្នះនេះ បានធ្វើឱ្យ អឹមអូអាយ កំពង់ដេវ៉ា បន្តរក្សាឱកាសក្នុងការប្រជែងចំណាត់ថ្នាក់ Top 6 ខណៈបច្ចុប្បន្នក្លឹបអឹមអូអាយកំពង់ដេវ៉ា មាន២៧ពិន្ទុ អង្គរថាយហ្កឺរ មាន ២៧ ពិន្ទុ វិសាខា មាន ២៨ ពិន្ទុ ណាហ្គាវើល៍ មាន ២៩ ពិន្ទុ និង បឹងកេត មាន ៣១ ពិន្ទុ។
សម្រាប់ការប្រកួតបន្ទាប់ អឹមអូអាយ កំពង់ដេវ៉ា នឹងត្រូវប្រកួតមួយក្លឹប ព្រះខ័នរាជស្វាយរៀង នៅសប្តាហ៍ក្រោយ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ មុននឹងការប្រកួតចុងក្រោយយសម្រាប់ជុំទី២ ជាមួយក្លឹប អាយអេសអាយ ដង្កោសែនជ័យ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បីបន្តរកពិន្ទុស្វែងរកកៅអី Top 6 ឱ្យបានសម្រេច។